ថ្ងៃអង្គារ ១៣កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ម្សិលមិញនេះ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសហព័ន្ធអ្នកវិនិយោគកម្ពុជា និងជាម្ចាស់ភាគហ៊ុនក្នុងប្រទេសកម្ពុជារបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ ព្រមទាំងបាននាំយកមកនូវថវិកា គ្រឿងឧបភោគបរិភោគ និងសំភារៈប្រើប្រាស់ឧបត្ថម្ភដល់កងទ័ព ដែលកំពុងឈរជើងជួរមុខនៅបញ្ជាការដ្ឋានកងអង្គរក្ស (ទួល៩៥) ទិសប្រាសាទព្រះវិហារ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស ព្រមទាំងមេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជាច្រើនរូប។
អ្នកឧកញ៉ាបាន ថ្លែងអំណរគុណ និងកោតសរសើរដល់ការលះបង់អស់ពីកម្លាំងកាយចិត្ត បញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់ឯកឧត្តមមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហានដ៏អង់អាចក្លាហានដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្ត និងសុខសន្តិភាពពេញលេញរបស់ប្រជាជនកម្ពុជា។
បន្ទាប់ពីកម្មវិធីចុះជួបសំណេះសំណាលសាកសួរសុខទុក្ខកងទ័ពជួរមុខ នៅក្នុងថ្ងៃតែមួយ អ្នកឧកញ៉ា លី ឃុនថៃ ក៏បានដឹកនាំអនុប្រធាន និងសមាជិក សមាជិការ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និង ក្រុមការងាររបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ រៀបចំកម្មវិធីចែកអំណោយជាសំភារសិក្សា រួមមាន កាតាបស្ពាយ សៀវភៅ ប៊ិក ខ្មៅដៃ ជ័រលុប បន្ទាត់ និង នំសម្រន់ ដល់សិស្សានុសិស្សនៅក្នុងសាលាបឋមសិក្សាស្ថាពរ ដែលស្ថិតនៅក្នុងខេត្តព្រះវិហារផងដែរ។
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈូន ឡាយហ្វ៍ តែងតែចូលរួមជាប្រចាំនូវសកម្មភាពសង្គម និង ការងារសប្បុរសធម៌ ព្រោះនេះគឺស្របទៅតាមទិសដៅចក្ខុវិស័យរបស់ក្រុមហ៊ុន ហ្វ័រឈូន ឡាយហ្វ៍ ដែលពួកយើងបេ្តជ្ញាផ្តល់ការការពារហិរញ្ញវត្ថុជូនក្រុមគ្រួសារកម្ពុជា លើកតម្កើងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម។